រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជួបប្រធានសមាគមសណ្ឋាគារចិន ជំរុញកិច្ចសហប្រតិបត្តិការ និងទាក់ទាញទេសចរ-វិនិយោគិនចិន


រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ – ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសចិន ដឹកនាំដោយលោក យ៉ាង អាយជុន (Yang Aijun) ប្រធានសមាគមសណ្ឋាគារចិន (China Hotel Association) និងជាអនុប្រធាននៃសមាគមម្ហូបចិន (China Cuisine Association)។

ជំនួបនេះបានផ្តោតសំខាន់លើការពង្រឹងយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដូចជា តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ តំបន់អេកូទេសចរណ៍ និងតំបន់ឆ្នេរ ទៅកាន់ទីផ្សារទេសចរណ៍ចិន ដែលជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងជាលំដាប់ ស្របតាមគោលនយោបាយ និងយុទ្ធនាការនានារបស់ក្រសួងទេសចរណ៍។