ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត សួរសុខទុក្ខកងទ័ពជើងទឹក និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារតាមបណ្តាកោះនានា នៅកងការពារកោះពូលូវ៉ៃលេខ៥


ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី៧ ខែមេសា បានចុះមកសួរសុខទុក្ខ បងប្អូនកងទ័ពជើងទឹក និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារតាមបណ្តាកោះនានា នៅកងការពារកោះពូលូវ៉ៃលេខ៥។

ក្នុងឱកាសកម្មវិធីនាថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ខេង សាម៉េត លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងសប្បុរសជន និងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ននានា។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់នាយនាវី នាយនាវីរង និងពលនាវី ដែលបានលះបង់ និងពលីគ្រប់បែបយ៉ាង ទាំងស្មារតី និងកម្លាំងកាយចិត្ត ការពារអធិបតេយ្យ បូរណភាពដែនដី ជាពិសេសចូលរួមចំណែកទប់ស្កាត់បទល្មើសនានាលើសមុទ្រ និងចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗ រួមទាំងបទល្មើសឆ្លងដែនផងដែរ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះផងដែរ គណៈប្រតិភូ បានពាំនាំនូវសម្ភារៈមួយចំនួន ប្រគល់ជូនកងការពារកោះពូលូវ៉ៃ និងកងការពារកោះតាង សម្រាប់ប្រើប្រាស់ និងអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចែករំលែកជួយដល់អង្គភាពទ័ព កំពុងការពារតាមបណ្តាកោះនានា ហើយនេះបានបង្ហាញពីវប្បធម៌ចែករំលែក ដើម្បីផលប្រយោជន៍ជាតិទាំងមូល៕