ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារ ជាមួយ​គណៈប្រតិភូចិននៃក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd​


នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយលោក Lu Wei ប្រធាន​ក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd និងគណៈប្រតិភូអមដំណេីរ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍គណៈប្រតិភូចិន​ ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នេីសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។

ចំពោះការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈប្រតិភូចិន​ បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន​ ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ​ អាចលក់ចេញក្នុងតម្លៃខ្ពស់​ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី​ ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ​ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ​ និងអាចនាំចេញទៅក្រៅប្រទេស។

បេីតាម​ឯកឧត្តមរដ្ឋមន្ត្រី​ កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា​ និងលក្ខណៈពិសេសនៃកសិផលកម្ពុជា​សម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម​ ដើម្បីសិក្សារួមគ្នាពីកសិផលដែលអាចនាំចេញបានតាមជេីងយន្តហោះ​ មានតម្លៃខ្ពស់​ និងទទួលបានផលចំនេញទាំងអស់គ្នា៕