ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥


នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (VUONG QUANG BAC) ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ដឹកនាំសហការីចូលជួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ព្រមទាំងសហការី នៃស្ថានតំណាងក្រសួងនគរបាលវៀតណាម និងអបអរសាទរដល់លោកប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ដែលលោកទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ក្រសួងនគរបាលវៀតណាម និងត្រូវបានតែងតាំងជាប្រធានស្ថានតំណាងថ្មី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើនូវពាក្យសាកសួរសុខទុក្ខ ចំពោះឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំនៃ ក្រសួងនគរបាលវៀតណាម។

ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានថ្លែងអំណរគុណក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ទន្ទឹមនេះលោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (VUONG QUANG BAC) បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលជានិច្ចកាលតែងតែផ្ដល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។

លោកប្រធានស្ថានតំណាង បានកោតសរសើរ និងវាយតម្លខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និយាយជារួម រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម និយាយដោយឡែក។

ជាចុងក្រោយ លោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (VUONG QUANG BAC) ក៏បានជូនពរអភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ សូមមាននូវសុខភាពល្អ សុភមង្គល និងទទួលបាន ជោគជ័យគ្រប់ភារកិច្ច។

មុននឹងបញ្ចប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀតបានជូនពរ លោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (VUONG QUANG BAC) និងសហការី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូមមាននូវ សុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕