សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ រយៈពេល៦ថ្ងៃ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។

នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំ បន្ទាប់មកសម្តេចនឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១ និងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតុមូលនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ ផងដែរ។

ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ច ការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏ត្រូវអញ្ជើញ ថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះដែរ។

សូមជម្រាបដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគាំទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាល ជំនាញ បច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការដ្ឋសភា និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងអញ្ជើញចូលរួមពិធីសម្ពោធ ព្រះបរមរាជវាំង ឈុន វ៉ុន ជុង (Cheon Won Gung) នៅក្នុងខេត្តខ្យង់គឺ ផងដែរ៕