សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ!


នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ។ នៅក្នុងពិធីនេះដែរ ឯកឧត្តម ប៉េង ពោធិ៍សា ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទ សូមបួងសួងសុំសេចក្តីសុខចម្រើន មានសុខភាពល្អ ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក្រុមការងារសាខា អនុសាខា ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ ៕