ឯកឧត្តម ហូ​ វិចិត្រ​ តំណាងរដ្ឋមន្រ្តី​ អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង​ ពលទាហាន​ និង​សិក្ខា​កាម​ទាំង​ពីរវគ្គ​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក


កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥​ ឯកឧត្តម ហូ​ វិចិត្រ​ រដ្ឋ​លេខា​ធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល បានដឹកនាំប្រតិភូ ក្រសួងរ៉ែ​ និងថាមពលដែលជាសម្ព័ន្ធមេត្រីភាព អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង​ ពលទាហាន​ និង​សិក្ខា​កាម​ទាំង​ពីរវគ្គ​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងមូល។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កងទ័ពគឺជាសមរភូមិមុខ ហើយក្នុងនាមយើងខ្ញុំជាសមរភូមិក្រោយរង់ចាំជួយជ្រោមជ្រែងជាប់ជានិច្ច និងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតីនិងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ដើម្បីបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ផ្សារភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកងទ័ពឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាសរុបប្រមាណ ៤៧,១០០,០០០០រៀល ប្រគល់ជូននាយទាហាន នាយទាហានរង​ ពលទាហាន​ និង​សិក្ខា​កាម​ទាំង​ពីរវគ្គ​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក៕