ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ២០២៥ ទូទាំងខេត្ត នៅលើបុរីវប្បធម៌កោះសំពៅមាស


ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ចំនួន៤ទីតាំងគឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥។

សម្រាប់ពិធីបើកព្រឹត្តការណ៍ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ក្រុមយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសបើកសង្ក្រាន្ត នៅលើបុរីវប្បធម៌កោះសំពៅមាស និងទូទាំងខេត្ត ឯកឧត្តម ខូយ រីដា សូមថ្លែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអស់លោក លោកស្រី វិស័យឯកជន អាជីវករ បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងក្មួយៗយុវជន យុវនារី ក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឱកាសដ៏វិសេសវិសាលនេះ។ យើងបានដឹងហើយថា បុណ្យចូលឆ្នាំខ្មែរ គឺបុណ្យប្រពៃណីមួយ ដែលយើងតែងតែប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ឬ១៤មេសា ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមហាជនទូទៅ មិនថាជាតិសាសន៍ណាឡើយ។

ឯកឧត្តមសូមចូលរួមអបអរសាទរ ជាមួយគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានរៀបចំពិធីសង្ក្រាន្ដអបអរសាទរឆ្នាំថ្មី បង្កលក្ខណៈសប្បាយរីករាយ ជូនដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ឱ្យចូលរួមលេងល្បែងប្រជាប្រិយ៍ផ្សេងៗ ដើម្បីរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង ទុកជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានោះ លោកក៏សូមអបអរសាទរ ចំពោះ គ្រឹះស្ថានសាធារណៈ អង្គភាពរដ្ឋ ឯកជន និងតាមគេហដ្ឋាន ដែលបានខិតខំ ក្នុងការរៀបចំតែងលម្អ ភ្លើងភ្ញី សម្រាប់ទទួលទេវតាឆ្នាំថ្មី ទាំងនេះជាការរួមចំណែកមួយ ក្នុងការរៀបចំសោភណភាព ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ប្រកបដោយភាពទាក់ទាញ និងបង្កលក្ខណៈការសប្បាយជូនបងប្អូននៅក្នុង និងក្រៅខេត្ត មកលេងកម្សាន្ត។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សមិទ្ធផលកំពុងមាននាពេលបច្ចុប្បន្ននេះ គឺជាសមិទ្ធផលដែលទទួលបានពីសន្តិភាព មានសន្តិភាពមានការអភិវឌ្ឍ និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រកបរបរទទួលទាន ក៏ដូចជាសិទ្ធិសេរីភាព ក្នុងការធ្វើដំណើរជាដើម។ ដើម្បីឱ្យប្រទេសជាតិ មានសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍ សម្បូររុងរឿងនោះ យើងត្រូវមានភាពជឿជាក់ និងជំនឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបញ្ញាវ័ន្តដ៏មានថាមពល សម្រាប់អនាគតប្រទេសជាតិ មានការរីកចម្រើន និងអភិវឌ្ឍជឿនលឿន សម្បូរសប្បាយ។

ឯកឧត្តមសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកចូលរួមសប្បាយ នូវកម្មវិធីបុណ្យចូលឆ្នាំថ្មី នៅលើបុរីវប្បធម៌កោះសំពៅមាស រយៈពេល៤ថ្ងៃនេះ ឱ្យបានច្រើនកុះករ និងចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ជាមួយគ្នានោះសំណូមពរដល់កងកម្លាំងទាំងអស់ សូមចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ឱ្យបានល្អប្រសើរជូនលោកតា​ លោកយាយ ពុកម៉ែ បងប្អូនរបស់យើង។

ឯកឧត្តមសូមយកឱ្យកាសនេះ ប្រសិទ្ធិពរបវរមហាប្រសើរ ជូនចំពោះអស់លោក លោកស្រី លោកឧកញ៉ា យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ សូមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ព្រះនាមគោរាគៈទេវី (បុត្រីទី២នៃកបិលមហាព្រហ្ម) តាមបីបាច់ថែរក្សា សូមទទួលបាននូវសេចក្ដីសុខចម្រើនគ្រប់ៗគ្នា សូមឱ្យជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ និងសូមប្រកាស បើកសង្រ្កាន្ដបុរីវប្បធម៌កោះសំពៅមាស និងទូទាំងខេត្តពោធិ៍សាត់ ចាប់ពីពេលនេះតទៅ៕