លោកជំទាវ ផែថងថាន នាយករដ្ឋមន្រ្តីថៃនឹងចាប់ផ្តើមអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ


តាមកម្មវិធីដែលបានគ្រោងទុក លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់​កម្ពុជានៅវេលា ម៉ោង៩:៥០ នាទីព្រឹកថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សន កិច្ចផ្លូវការ​​នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា​​រយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបាន​ឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក​ជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​ព្រះ​រាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។

កត់សម្គាល់ក្នុងសេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចរបស់លោកជំទាវ នាយក រដ្ឋមន្ត្រី ថៃកើតមាន​ឡើងស្របពេលដែល​ព្រះ​រាជាណាចក្រទាំងពីរប្រារព្ធខួប ទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។

ពិធីបដិសណ្ឋារកិច្ចផ្លូវការ​នឹងប្រារព្ធនៅវិមានសន្តិភាពនៅព្រឹកថ្ងៃដដែល បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីថៃ និង​សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យ​កាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហ​ប្រតិបត្តិ​ការដែលមានផល ប្រយោជន៍ទៅវិញទៅមក។ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏នឹងធ្វើជាសាក្សី​នៅក្នុងពិធី​ចុះ​ហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធ​និមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនង ការទូតកម្ពុជា-ថៃផងដែរ។

នៅរសៀលថ្ងៃទី២៣ ខែមេសា គណៈប្រតិភូនឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ , ថ្វាយកម្រងផ្កាព្រះបរមរតនកោដ្ឋ ជំនួបសម្តែងការ គួរ សមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា ,ជំនួប​សម្តែង​ការគួរសមជាមួយសម្តេច អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ប្រធានព្រឹទ្ធសភានៅវិមានសន្តិភាព ។

នៅព្រឹកថ្ងៃទី២៤ ខែមេសា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះ បរមរាជវាំង។ គណៈប្រតិភូនឹងធ្វើដំណើរនិវត្តន៍នៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

គួររំលឹកថា ក្នុងខែមករាដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបាន​ទឹកប្រាក់ជាង ៣៧០ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ប្តេជ្ញាជំរុញ​ពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានចំនួន ១៥ ពាន់លានដុល្លារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេច​បាន​ជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ។​​ចំណែក​​ថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕