តាមកម្មវិធីដែលបានគ្រោងទុក លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់កម្ពុជានៅវេលា ម៉ោង៩:៥០ នាទីព្រឹកថ្ងៃពុធទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សន កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។
កត់សម្គាល់ក្នុងសេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចរបស់លោកជំទាវ នាយក រដ្ឋមន្ត្រី ថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួប ទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ ។
ពិធីបដិសណ្ឋារកិច្ចផ្លូវការនឹងប្រារព្ធនៅវិមានសន្តិភាពនៅព្រឹកថ្ងៃដដែល បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផល ប្រយោជន៍ទៅវិញទៅមក។ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនង ការទូតកម្ពុជា-ថៃផងដែរ។
នៅរសៀលថ្ងៃទី២៣ ខែមេសា គណៈប្រតិភូនឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ , ថ្វាយកម្រងផ្កាព្រះបរមរតនកោដ្ឋ ជំនួបសម្តែងការ គួរ សមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា ,ជំនួបសម្តែងការគួរសមជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៅវិមានសន្តិភាព ។
នៅព្រឹកថ្ងៃទី២៤ ខែមេសា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះ បរមរាជវាំង។ គណៈប្រតិភូនឹងធ្វើដំណើរនិវត្តន៍នៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
គួររំលឹកថា ក្នុងខែមករាដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៣៧០ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានចំនួន ១៥ ពាន់លានដុល្លារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ។ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕
