ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការឧតុនិយមពិភពលោក(WMO) ដឹកនាំដោយលោក Jochen Luther


នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គការឧតុនិយមពិភពលោក (WMO) ដឹកនាំដោយលោក Jochen Luther ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអង្គការឧតុនិយមពិភពលោក (WMO) មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC) និងអង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់ពីសមាហរណកម្មពហុមហន្តរាយ(RIMES) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះអង្គការឧតុនិយមពិភពលោក និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលជានិច្ចកាលបានជួយគាំទ្រដល់កម្ពុជាក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីក្រសួង ការផ្តល់សេវាឧតុនិយម និងការព្យាករអាកាសធាតុ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខចំពោះការប្រែប្រួលអាកាសធាតុ ដែលនឹងជះឥទ្ធិពលលើជីវិតទាំងអស់នៅលើភពផែនដី ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិទាំងនេះ។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវឆន្ទះយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអង្គការឧតុនិយមពិភពលោក និងស្ថាប័នពាក់ព័ន្ធ ជាពិសេសបានស្នើសុំឱ្យបន្តការគាំទ្រលើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដល់មន្ត្រីឧតុនិយម និងជលសាស្ត្រ ពាក់ព័ន្ធនឹងការព្យាករធាតុអាកាស ការផ្តល់ព័ត៌មានជាមុន ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុនិងជលសាស្ត្រ ជាពិសេសឧបករណ៍ សម្ភារៈទំនើបនិងសុសវែរ(Software) ប្រព័ន្ធគ្រប់គ្រងទិន្នន័យ៕