ឯកឧត្តម ឌិត ទីណា ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារផ្តល់សេវាសាធារណៈនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារផ្តល់សេវាសាធារណៈនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ដោយតែងតែចុះសំណេះសំណាលជាប្រចាំនៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ហើយបានដាក់ចេញនូវគោលការណ៍អាទិភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការងារកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត សំដៅលើកកម្ពស់ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានគុណភាព។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ការគាំទ្រជាប្រាក់ឧបត្ថម្ភក្នុងការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តបន្ថែម សម្រាប់បំពេញការងារនៅតាមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរួមសហការគ្នាពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឱ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៥ និងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាខេត្តគំរូលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ 

បច្ចុប្បន្ន រដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ កំពុងយកចិត្តទុកដាក់លើការងារកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស រដ្ឋបាលស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យ បាននិងកំពុងចុះអនុវត្តយុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋានក្នុងឃុំទាំង៧ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ តទៅ ហើយរំពឹងថានឹងអាចសម្រេចបានលទ្ធផលជាវិជ្ជមានតាមការគ្រោងទុក និងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕