កម្ពុជា ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងឱកាសវិនិយោគ ទៅកាន់ធុរកិច្ចជនតួកគី និងអាល់បានី


បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជា សាធារណរដ្ឋតួកគី និងសាធារណរដ្ឋអាល់បានី ជាប្រទេសមានសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងប្រពៃណីទំនៀមទំលាប់ សក្តានុពលទេសចរណ៍ដ៏សំបូរបែប រួមទាំងការស្នាក់នៅផាសុកភាព និងចម្រុះ ម្ហូបអាហារប្រពៃណីដ៏ឆ្ងាញ់ពិសារ ការទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់ និងកក់ក្តៅដល់អ្នកទេសចរអន្តរជាតិ។ ឯកឧត្តម ហួត ហាក់ គូសបញ្ជាក់បែបនេះ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងជំនួបអាហារពេលល្ងាច និងពិភាក្សាការងារជាមួយលោក Volkan Öztürk អគ្គកុងស៊ុលកិត្តិយសកម្ពុជានៅទីក្រុងអ៊ីស្តង់ប៊ុល លោកស្រីអគ្គកុងស៊ុលកិត្តិយសអាល់បានីប្រចាំទីក្រុងអ៊ីស្តាន់ប៊ុល និងលោក Mahir ALP ប្រធានក្រុមប្រឹក្សាធុរកិច្ចតួកគី និងកម្ពុជា (Türkiye-Cambodia Business Council)។

ក្នុងជំនួបពិភាក្សាបានផ្ដោតទៅលើ កិច្ចសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាដល់ប្រជាពលរដ្ឋ និងធុរជននៅសាធារណរដ្ឋតួកគី និងសាធារណរដ្ឋអាល់បានីឲ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញអគ្គកុងស៊ុល និងធុរកិច្ច ជាពិសេសតាមរយៈការគាំទ្ររបស់ក្លឹបបាល់ទាត់ដ៏ល្បី Galatasaray Spor Kulübü។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់បន្ថែមថា ប្រទេសទាំងបីមានលក្ខណៈពិសេសខាងភូមិសាស្រ្ត ដោយកម្ពុជាឋិតចំកណ្តាល និងជាតំបន់ឆ្លងកាត់នៃតំបន់អាស៊ាន រីឯប្រទេសតួកគី ជាច្រកទ្វារភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប ហើយប្រទេសអាល់បានី ជាតំបន់ឆ្លងកាត់ដ៏សំខាន់ក្នុងតំបន់បាល់កង់៕