នៅរសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីសំណង់ និងដីចំណីប្រឡាយមេលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ជាមួយក្រួងសួងធនធានទឹក និងឧតុនិយម ដែរដឹកនាំដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងក្រសួងទាំង២។
សូមជម្រាបថា ប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រវែងប្រមាណ ២៧,៦៨គីឡូម៉ែត្រ បានកសាងឡើងក្នុងសម័យប៉ុលពត។ ប្រឡាយនេះស្ថិតក្នុងគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញជំហានបីផងដែរ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២ បានចែងអំពីទឹកលើដី ទឹកក្រោមដី ទឹកក្នុងអាកាស និងធនធានទឹក និងមាត្រា៦ បានចែងថា នៅក្នុងការអនុវត្តច្បាប់គ្រប់គ្រងធនធានទឹក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវកំណត់គោលនយោបាយគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក ស្របទៅតាមតម្រូវការរបស់តំបន់នីមួយៗនៅទូទាំងព្រះរាជាណាចក្រម្ពុជាក្នុងទិសដៅធានានិរន្តរភាពធនធានទឹក និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹក ដើម្បីជៀសវាងមហន្តរាយ និងវិវាទផ្សេងៗ។ ជាមួយគ្នានេះ អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ ត្រង់មាត្រា៨ បានបញ្ជាក់ពីការកំណត់ដីចំណីមាត់ប្រឡាយមេ ក្នុងចម្ងាយ ១០(ដប់)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ៕