សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មការិនីគឺជាជនអាទិភាពដែលរាជរដ្ឋាភិបាលគិតគូរ ខណៈរដ្ឋបានចំណាយថវិកាជាង៣៣០ពាន់លានរៀល ជូនកម្មការិនីដែលសម្រាលកូន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្មការិនីគឺជាជនអាទិភាព ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ខណៈគិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ៣៣០ពាន់លានរៀល ឧបត្ថម្ភជូនកម្មការិនីដែលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានបន្តនិរន្តភាព និងបង្កើនប្រសិទ្ធភាពបើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះមុនសម្រាលកូន ក្រោយពេលសម្រាលរហូតដល់កូនអាយុ២ឆ្នាំចំនួន១៤លើក ដែលក្នុងមួយលើកទទួលបាន៨ម៉ឺនរៀល និងក្នុងពេលសម្រាលទទួលបាន៨០ម៉ឺនរៀល ខណៈ ស្រ្តីដែលមានកូនភ្លោះទទួលបាន ១លាន២សែន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មការិនី គឺជាជនអាទិភាព ក្នុងការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនស្រ្តីកម្មការិនី មានឱកាសទទួលបានអត្ថប្រយោជន៍ច្រើន និងទទួលបាននូវភាពកក់ក្តៅ ពោលគឺគិតគូរទាំងកូន ម្តាយ និងគ្រួសារទាំងមូល។

សម្តេចបវរធិបតី បានបញ្ជាក់បន្ថែមផងដែរ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បាននឹងកំពុងផ្តល់ជូនស្រី្តដែលកំពុងជាប់ពន្ធនាគារផងដែរ ហើយរដ្ឋាភិបាល នឹងបន្តពង្រីកលទ្ធភាពបន្តិចម្តងៗទៅតាមទំហំថវិកា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងផងដែរថា រយៈពេល ១៩ខែ ចាប់ តាំងពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបានចុះបញ្ជីសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បន្ថែម បានប្រមាណ ១,២ លាននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. បានកើនដល់ជាង ៣លាននាក់ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតីបានបានថ្លែងថា ការដាក់ចេញនយោបាយផ្តល់បណ្ណ ប.ស.ស ជូនដល់សមាជិកគ្រួសារនៃសមាជិក ប.ស.ស ជាការខិតខំផ្តល់អត្ថប្រយោជន៍បន្ថែមដល់សមាជិកគ្រួសារកម្មករ និយោជិត៕