ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងជាតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ ចំនួន ៦ខ្សែ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
ពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារចុះជួយស្រុកតាំងគោក, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកតាំងគោក ប្រធានក្រុមការងារចុះឃុំស្វាយភ្លើង និងឃុំច្រនៀង ឯកឧត្តម ណយ ផាណា ប្រធានក្រុមការងារចុះជួយឃុំស្វាយភ្លើង លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ ស្វាយភ្លើង លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, អភិបាលរងស្រុក លោកមេឃុំ, មេភូមិ និងប្រជាពលរដ្ឋនៅឃុំស្វាយភ្លើងប្រមាណ ៣០០នាក់។
គួរបញ្ជាក់ដែរថា ការជួសជុល និងស្ថាបនាផ្លូវលំ ៦ខ្សែនេះ គឺប្រើប្រាស់គ្រឿងចក្ររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលរៀបចំដោយឯកឧត្តម វង្សី វិស្សុត និងមានការជួយឧបត្ថម្ភប្រេងពីឯកឧត្តម វង្សី វិស្សុត, ឯកឧត្តមបណ្ឌិត ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន, ឯកឧត្តម ណយ ផាណា, ក្រុមការងារ និងសប្បុរសជននានា ព្រមទាំងមានការចូលរួមចំណែកឧបត្ថម្ភប្រេង ពីប្រជាពលរដ្ឋផងដែរ។
ថ្លែងនាឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋនៅឃុំស្វាយភ្លើង ស្រុកតាំងគោក ដោយក្តីនឹករលឹកផងដែរ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា រយៈពេល៤៦ឆ្នាំកន្លងមកនេះក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបន្តមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នៅតែបន្តគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយសម្តេចក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តែងតែបានគិតគូរជាប្រចាំនូវសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋនៅតំបន់ណាដែលជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំនោះឡើយ ហើយរាជរដ្ឋាភិបាលក៏មិនចង់បានអ្វីពីប្រជាពលរដ្ឋនោះឡើយ ក្រៅពីការចង់ឃើញនូវស្នាមញញឹម និងការគាំទ្រ ជឿជាក់ ទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋជានិច្ច។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានប្រាប់ប្រជាពលរដ្ឋដែរថា សម្រាប់ខេត្តកំពង់ធំ ក្នុងអាណត្តីទី៧នេះ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងបំពេញតម្រូវការក្នុងការការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅមូលដ្ឋាន ០៤ស្រុក (តាំងគោក, បារាយណ៍, សន្ទុក និងសណ្តាន់) លោក វង្សី វិស្សុត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានផ្តល់គ្រឿងចក្រចំនួន ៩គ្រឿង ដើម្បីបម្រើសេចក្តីត្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយប្រសិទ្ធនាមថា«គ្រឿងចក្ររបស់សម្តេចបវរធិតី»។ ជាក់ស្តែងក្រុមគ្រឿងចក្របានធ្វើការជួសជុល និងស្ថាបនាផ្លូវលំនៅតាមបណ្តាភូមិឃុំជាបន្តបន្ទាប់នៅស្រុកតាំងគោក និងស្រុកបារាយណ៍ បានជាច្រើនខ្សែ។
គួរជម្រាបថា សម្រាប់ឃុំស្វាយភ្លើង ក្រុមគ្រឿងចក្របានជួសជុល និងស្ថាបនាផ្លូវលំ ៦ខ្សែ រួមមាន៖ ផ្លូវ ១ខ្សែ ប្រវែង ២២០០ម៉ែត្រ ក្រាលគ្រួសក្រហម, ផ្លូវថ្មី ១ខ្សែ ប្រវែង ១១០០ម៉ែត្រ និងដាក់លូ១កន្លែង, ផ្លូវ០១ខ្សែ ប្រវែង ១៤០០ម៉ែត្រ ក្រាលគ្រួសក្រហម, សំអាតផ្លូវ ០១ខ្សែ នៅភូមិខ្នាយទង, ផ្លូវថ្មី០១ខ្សែ ប្រវែង ១០០០ម៉ែត្រ ក្រាលគ្រួសក្រហម ភ្ជាប់ទៅចំការរបស់ប្រជាពលរដ្ឋ និងធ្វើថ្មី១ខ្សែទៀត ប្រវែង ១២០០ ម៉ែត្រ នៅឃុំស្វាយភ្លើង។
នាឱកាសនោះដែរ តបតាមសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ ជួយជួសជុលផ្លូវថ្មីមួយខ្សែទៀត ប្រវែង ២២០០ម៉ែត្រ ភ្ជាប់ពីភូមិខ្នាយទង ទៅទំនប់ដើមកណ្តុរ (ដោយប្រជាពលរដ្ឋឧបត្ថម្ភប្រេងចាក់គ្រឿងចក្រ) និងជួសជុលសាលាដំណាក់ស្វាយតាសេក នៅខាងកើតភូមិស្វាយភ្លើង។
បន្ថែមពីនេះឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ចីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ តទៅ និងបានក្រឿនរំលឹកដល់ឃុំ ដើម្បីអនុវត្តន៍ឱ្យបានល្អនូវលក្ខណវិនិច្ឆ័យភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា នាឱកាសនោះដែរឯកឧត្តមបណ្ឌិត ថោង ខុន ក៏នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ ដោយក្នុង ១នាក់ ទទួលបាន សារ៉ុង១ និងថ្នាំពេទ្យ TIFFY ៣បន្ទះផងដែរ៕