សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអបអរសាទរដល់​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ​ចំពោះការចូលរួម​ និងសមត្ថភាពរបស់ក្មួយៗ​ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១​ ទូទាំងប្រទេស​ លើមុខវិជ្ជាសំខាន់ៗទាំងបី​ ដូចជា​ អក្សរសិល្ប៍​ខ្មែរ,​ គណិតវិទ្យា​ និងរូបវិទ្យា។ ជាមួយនេះ​ សូមចូលរួមអបអរសាទរ​ និងសប្បាយរីករាយផងដែរ​ ចំពោះឪពុកម្តាយ​ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប​ និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន​ ជាមួយនឹងក្តីមោទនភាព​ និងកិត្តិយស។

សម្តេចលើកឡើងថា ចំណេះដឹង​ គឺពិតមានសារសំខាន់ណាស់​សម្រាប់យើង​ និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចំរើន​ ក៏ដូចជាបង្ហាញអំពីគុណភាព​ និងធនធានមនុស្សដ៏ល្អ​ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន​ និងអនាគត​។
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្មួយៗ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត​ ដើម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ​ ដើម្បីអាចនឹងទទួលបានអាជីពការងារ​ល្អប្រសើរស្របតាមក្តីស្រមៃ​ផង​ ហើយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយើង ក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព៕