ព្រះសីហនុ ៖ នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសំខាន់ពីរដាច់ដោយឡែកគ្នានៅខេត្តព្រះសីហនុ។
កិច្ចប្រជុំទី១ គឺដើម្បីបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងាសម្រាប់ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ចំណែកកិច្ចប្រជុំទី២ ជាការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងពិភាក្សាលើទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ។
កិច្ចប្រជុំទាំងពីរនេះ មានការចូលរួមយ៉ាងផុសផុលពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ព្រមទាំងមន្រ្តីមកពីតាមមន្ទីរពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តព្រះសីហនុ៕







