សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និមន្តបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាពុទ្ធិកវិទ្យាល័យខេត្តកំពង់ធំ


(កំពង់ធំ)៖ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ និងជាសម្តេចព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និមន្ត-អញ្ជើញពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកំពង់ធំថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

ពិធីនេះរៀបចំដោយព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ជាព្រះនាយកសាលាពុទ្ធិកវិទ្យាល័យ ព្រះសត្ថាបារមីកំពង់ធំ និងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដោយនិមន្ត-អញ្ជើញចូលរួមមាន៖ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃខេត្តតាមឋានុក្រម ព្រះអនុគណក្រុង-ស្រុកទាំង០៩ សមណសិស្ស អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោក លោកស្រី សមាគមសិស្ស-និស្សិត បញ្ញវន្តក្មេងវត្ត និងពុទ្ធបរិស័ទ សរុបប្រមាណ៦០០អង្គ/នាក់។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ដើម្បីចូលរួមជាវិភាគទាន នៅក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាសិក្សា២០២៥-២០២៦ លោកសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖

ទី១៖ មន្ទីរធម្មការ និងសាសនាសាសនាខេត្តកំពង់ធំ និងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងច្បាប់និងលិខិត បទដ្ឋានគតិយុត្តិ ដែលមានស្រាប់ដូចជា ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់ សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងវិស័យពុទ្ធិកសិក្សា ឲ្យកាន់តែរឹងមាំល្អផូរផង់។

ទី២៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគំរូល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។

ទី៣៖ មន្ទីរធម្មការនិងសាសនាខេត្តនិងសាលាគណខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិតឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលីសំស្ក្រឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយ ដ៏ល្អប្រពៃក្នុងសង្គមជាតិ។

ទី៤៖ មន្ទីរធម្មការនិងសាសនាខេត្តនិងសាលាគណខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងការងារ រដ្ឋបាលវត្ត និងផ្សព្វផ្សាយព្រះធម៌ តាមមធ្យោបាយនានាដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទឲ្យប្រព្រឹត្តអំពើល្អប្រកាន់សច្ចធម៌សង្គមនិងជៀសវាងអំពើបាបគ្រប់ប្រភេទ។

ឯកឧត្តម នួន ផារ័ត្ន សូមកោតសរសើរនិងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេន-ជូនចំពោះព្រះរាជាគណៈ ព្រះ
មន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ពុទ្ធបរិស័ទគ្រប់រូប ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះដែលមានដំណើរការប្រព្រឹត្តទៅដោយជោគជ័យ៕