ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចជំនួបជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Siti Hasanah


រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Siti Hasanah មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកគម្រោងទឹកស្អាត និងអនាម័យ ដើម្បីពិភាក្សាលើការកសាងផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួងជាច្រើនរូបផងដែរ។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបដល់លោកស្រីប្រធានក្រុមគម្រោងខាងលើ ពីការខិតខំជាអតិបរិមាក្នុងការសហការគ្រប់ជ្រុងជ្រោយជាមួយក្រសួងធនធានទឹក និងឧតុនិយម ខណៈដែលក្រសួងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងផែនការការងារមេជាតិនៃការគ្រប់គ្រងអាងទន្លេដែលធន់នឹងបម្រែបម្រួអាកាសធាតុ មានលក្ខណៈសមស្របគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ តាមអាណត្តិកិច្ច និងដែនយុត្តាធិការច្បាស់លាស់របស់បណ្តាស្ថាប័នពាក់ព័ន្ធនឹងទឹក៕