សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសទីម័រឡេស្តេ ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ


នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ការទទួលការបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ពីលោក José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេរួចមក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសទីម័រឡេស្តេ ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញហើយ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅ​ប្រទេស​​ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយសដ៏ខ្ពង់ខ្ពស់នោះ កាលពីរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញ​ដល់​ប្រទេស​ទីម័រឡេស្តេ ប្រកបដោយសុវត្ថិភាព។

ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វា​គមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រី​ជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូត​របស់​កម្ពុជា។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា មានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ឡា សាណា​ណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្ត។

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និង​ផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបប​ប្រល័យ​ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុល​ភាព» នៅវិមានប្រធានាធិបតីផងដែរ៕