សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើម ក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជា «រមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន»


សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជានៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ។

នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានជួបសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារជុំគ្នា ស្ថិតក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាប់ថា កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថា ផ្ទះចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី លោកតា ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

បើតាមតាមការបង្ហើបឲ្យដឹងពីឯកឧត្តម ហួត ហាក់ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនោះទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់ ព្រមទាំងទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាព រីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាកទាញ។

ជាការឆ្លើយតបសម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជា «រមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន» និងបានជម្រុញឲ្យឯកឧត្តម ហួត ហាក់ និងឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងការរៀបចំ៕