ឯកឧត្តម ឆាយ ឫទ្ធិសែ​ បានអនុញ្ញាតជូនលោកស្រី GWYNNETH WONG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោកស្រី GWYNNETH WONG នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ដោយអង្គការបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ ជាមួយគ្នានោះកន្លងមកអង្គការភ្លែនអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

លោកស្រី GWYNNETH WONG បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោកស្រី ព្រមទាំងសហការី បានអញ្ជើញជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ លោកស្រីបានមានប្រសាសន៍ថាអង្គការភ្លែនអន្តរជាតិបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៧ ដោយប្រើប្រាស់ថវិកាចំនួន ៣០លានដុល្លាអាមេរិក លើការអនុវត្តគម្រោងគាំទ្រលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារ។ លោកស្រីបានបង្ហាញអំពីជំហរបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយទោះបីជាពេលនេះលោកស្រីត្រូវបញ្ចប់អាណត្តិបេសកកម្មនៅក្នុងប្រទេសកម្ពុជាក៏ដោយ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីនាយិកា និងសហការីដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់លោកស្រី ក៏ដូចជាអង្គការភ្លែនអន្តរជាតិទាំងមូល ដើម្បីបង្ហាញពីការថ្លែងអំណរគុណចំពោះអង្គការភ្លែនដែលបានចូលរួមជាមួយក្រសួងនាពេលកន្លងមក៕