នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម សារិន សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្ស រួមជាមួយវត្តមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ជូនដល់មន្រ្តីគណបក្ស មកពីបណ្តាគណបក្សរាជធានី ខេត្ត គណបក្សក្រសួង ស្ថាប័ន និងអង្គការយុវជនគណបក្ស សរុបចំនួន១៥០នាក់ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ឯកឧត្តម ម៉ម សារិន បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៧នេះ ស្របពេលដែលប្រទេសជាតិយើងកំពុងមានការវិវត្តល្អប្រសើរលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ។ ឯកឧត្តមក៏បាននាំមកនូវការសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារទាំងអស់ ប្រកបដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។
ឯកឧត្តម ម៉ម សារិន បានថ្លែងថា ការអប់រំនយោបាយដល់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ គឺជាគោលការណ៍ដ៏សំខាន់ចាំបាច់មួយរបស់គណបក្សដែលត្រូវយកចិត្តទុកដាក់អនុវត្តនៅគ្រប់កាលៈទេសៈ សំដៅពង្រឹងទស្សនៈ គោលជំហរ សមត្ថភាពនយោបាយ និងគុណធម៌របស់មន្រ្តីគណបក្ស ស្របតាមសំណូមពរជាក់ស្តែងនៃសភាពការណ៍តាមដំណាក់កាលនីមួយៗ។
ឯកឧត្តមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីឆ្នាំ២០១៥ បានដាក់ចេញនូវទិសដៅអប់រំនយោបាយដល់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ ជាពិសេសមន្រ្តីវ័យក្មេងដែលជាកម្លាំងបន្តវេនប្រកបដោយថាមពល សំដៅធានាចីរភាពនៃការដឹកនាំរបស់គណបក្សយូរអង្វែង។ រយៈពេល ១០ឆ្នាំមកនេះ សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលដែលបានដឹកនាំ និងត្រួតពិនិត្យការអនុវត្តការងារនេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការងារអប់រំនយោបាយទាំងនៅថ្នាក់កណ្តាល ទាំងនៅថ្នាក់រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ដែលបានឆ្លើយតបទៅនឹងសំណូមពរនៃការកសាង និងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ក្នុងស្មារតីនេះដែរ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សកាលពីដើមឆ្នាំនេះ ក៏បានសង្កត់ធ្ងន់ថែមទៀតនូវការបន្តជំរុញអនុវត្តការងារអប់រំនយោបាយរបស់មន្រ្តីដឹកនាំដល់គណបក្សនៅគ្រប់ថ្នាក់។
ឯកឧត្តម ម៉ម សារិន បានថ្លែងថា បច្ចុប្បន្នប្រជាជនយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ហើយខិតខំអស់ពីកម្លាំងកាយ ចិត្តចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យសម្រេចបានលទ្ធផលធំៗថ្មីៗទៀត។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន។ ទន្ទឹមនេះ ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន នៅតែមានឧបាយកល និងរិះរកគ្រប់វិធី ដើម្បីរារាំងដំណើរជាតិយើង សំដៅបង្កឱកាសឈានទៅបង្កើតចលនាបដិវត្តន៍ពណ៌ជាថ្មីទៀត។ អាស្រ័យហេតុនេះ មន្រ្តីគណបក្សយើងគ្រប់ៗរូបនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ហើយប្រមូលផ្តុំកម្លាំងខិតខំអនុវត្តឲ្យបានសម្រេចនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស ក៏ដូចរបស់រាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព ជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែមុតស្រួច និងពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅសម្រេចបាននូវសមិទ្ធផលថ្មីៗទៀតក្នុងឆ្នាំ២០២៥នេះ ឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក ឯកឧត្តមបានផ្តល់នូវមតិមួយចំនួន ៖ ១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីគ្រប់គ្រងវគ្គផងនោះ ត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយនេះឲ្យបានល្អ ,២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួនចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយជាទីបំផុត , ៣.សូមសិក្ខាកាមគ្រប់រូបប្រមូលផ្តុំអារម្មណ៍ក្នុងការរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់សក្តិសមនឹងកិត្តិនាមជាមន្រ្តីល្អរបស់គណបក្ស ដើម្បីធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រទេសជាតិ ប្រជាជន និងគណបក្ស ឲ្យកាន់តែបានល្អប្រសើរថែមទៀត និង ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត រក្សាមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គ ដោយស្មារតីយោគយល់ និងសុខដុមរមនា៕