ឯកឧត្តម ឆាយ ឫទ្ធិសែន​ អំពាវនាវឱ្យចូលរួមផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព និងរក្សាសមិទ្ធផលនៃសន្តិភាពឱ្យបានគង់វង្ស


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យចូលរួមផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព និងរក្សាសមិទ្ធផលនៃសន្តិភាពឱ្យបានគង់វង្ស ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ” ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់មក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអរគុណសន្តិភាព, អរគុណនយោបាយឈ្នះឈ្នះ, និងដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាព ជាតិពេញលេញ ដោយការយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅនិងពរសព្ទសាធុការពីសំណាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា ការចូលរួមប្រារព្ធទិវា “ទិវាជាតិនៃការចង់ចាំ” គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះ មិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រ នៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រត្រូវតែចៀសវាង ក្នុងការកសាងអនាគតឱ្យរឹងមាំ និងរីកចម្រើន ដោយឈរលើមូលដ្ឋានយល់ដឹងប្រវត្តិសាស្ត្រ ការរួបរួមគ្នា និងសាមគ្គីគ្នាជាធ្លុងមួយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងការកសាងសង្គមជាតិទៅអនាគត ដោយត្រូវចងចាំទុក និងចូលរួមទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ដូចខាងក្រោម៖
១. ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងជិតស្និទ្ធក្នុងការងារ និងអ្នកជិតខាងក្នុងសហគមន៍
២. ត្រូវចូលរួមថែរក្សាសុខសន្តិភាព តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
៣. ត្រូវចូលរួមផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព ថែរក្សាសមិទ្ធផលដែលបានកសាងជាង ៤៦ឆ្នាំកន្លងមកនេះឱ្យគង់វង្ស, ការពារឱ្យបានដាច់ខាតតួអង្គ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ទាំងសន្តិសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះ ព្រមទាំងចូលរួមកំចាត់នយោបាយជ្រុលនិយម តាមរយៈការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
៤. ត្រូវចូលរួមឱ្យសកម្មក្នុងការកសាងសង្គមជាតិឱ្យមានភាពស៊ីវិល័យ តាមរយៈធ្វើជាគំរូល្អមានគុណធម៌ សុជីវធម៌ សីលធម៌ ដែលស័ក្ដិសមជាមូលធនមនុស្សនៃកម្ពុជា ដែលមានបេះដូងសន្តិភាព។
៥. ត្រូវគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី ដោយខិតខំបំពេញតួនាទី ភារកិច្ចឱ្យកាន់តែសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រែក្លាយប្រទេសដែលជាអតីតវាលពិឃាត និងសមរភូមិ ទៅជាប្រទេសអភិវឌ្ឍន៍រីកចម្រើន ចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យបានជោគជ័យ៕