នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ៤៦០ម៉ែត្រ ប្រព័ន្ធលូររំដោះទឹកប្រវែង ៣៧៥ម៉ែត្រ និងអំពូលសូឡាចំនួន ១០០ដើម ដែលជាមូលនិធិរដ្ឋបាលសង្កាត់កំពង់លាវ ក្នុងឆ្នាំ២០២៥ នៅភូមិលេខ១,២,៣,៤ និងភូមិលេខ៨ សង្កាត់កំពង់លាវក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះលោកម៉ននី បណ្ឌិត បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា ចេះការពារសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុង សូមគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។
ចុងបញ្ចប់ លោកម៉ននី បណ្ឌិត លោកសុិន សារៈ និងលោក រិន ថីង៉ុក នាយករងទីចាត់ការផែនការវិនិយោគខេត្ត បានផ្តល់ជូនរបស់អនុស្សាវរីយ៍ជាក្រម៉ា ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង លោកចៅសង្កាត់កំពង់លាវ ក្រុមប្រឹក្សាសង្កាត់កំពង់លាវ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។