នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបពិភាក្សាជាមួយ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហការក្នុងការអនុវត្តយុទ្ធ សាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កិច្ចប្រជុំក៏ផ្តោតលើការត្រៀមរៀបចំសម្រាប់សមាជរដ្ឋសភា និងព្រឹទ្ធសភាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ដោយពិភាក្សាប្រធានបទសំខាន់ៗ ៣ គឺប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “អគ្គនាយកដ្ឋានពន្ធដារបានសម្រេចការងារជាច្រើន ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ។ អគ្គនាយកដ្ឋានគួរពង្រីកការផ្សព្វផ្សាយអំពីការលើកទឹកចិត្តទាំងនេះឱ្យបានទូលំទូលាយ ដើម្បីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងសហគ្រាសធុនតូច និងមធ្យម បានជ្រួតជ្រាប និងអាចទាញយកអត្ថប្រយោជន៍ដើម្បីរីកចម្រើន។” ក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារបានរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗ និងបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ។
ឯកឧត្តម គង់ វិបុល ក៏បានជម្រាបជូនអំពីសមិទ្ធផលថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ រួមទាំងការសាងសង់អគារទីស្នាក់ការថ្មី និងបរិវត្តកម្មឌីជីថលនៃរដ្ឋបាលសារពើពន្ធ។ ឯកឧត្តមបានបញ្ជាក់ថា៖ “អគ្គនាយកដ្ឋានពន្ធដារគាំទ្រពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យើងប្តេជ្ញាសហការមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម ក្នុងការពង្រីកការផ្សព្វផ្សាយ និងអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរីកចម្រើន និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ។” បន្ថែមលើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគីទាំងពីរក៏បានឯកភាពសហការលើការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមផងដែរ៕










