ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារលិខិត ជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ព្រះរាជសារបស់ព្រះមហាក្សត្រមានខ្លឹមសារដូច្នេះថា «ក្នុងឱកាសនក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅបំផុត និងសូមផ្តល់ការគាំទ្រជានិច្ច ចំពោះសម្តេចអគ្គមហាពញាចក្រី ដែលជាឥស្សរជនដ៏ខ្ពង់ខ្ពស់មួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត និងបញ្ញាញាណ ប្រកបដោយគំរូវីរភាព ក្នុងការចូលរួមចំណែកដឹកនាំការពារ កសាង បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានសេចក្តីសុខ សន្តិភាព និងស្ថិរភាពសង្គម និងការអភិវឌ្ឍ គ្រប់វិស័យ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សូម សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕