រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តជាំងស៊ូ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៦ ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍»


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍»។

ការចុះអនុស្សរណៈ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ចំនួន៤៤រូប នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកអភិបាលខេត្ត បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៦ ដូចខាងក្រោម៖

*ទី១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ

*ទី២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ

*ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សារវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចណានជីង

*ទី៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CaHengInternational Cultural Tourism Investment Co., Ltd និងក្រុមហ៊ុន Jiangsu Performing Arts Group Co., Ltd

*ទី៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Tuniu Corp

*ទី៦៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Nanjing Niushou Mountain Cultural Tourism Group Co., Ltd៕