អភិបាលខេត្តព្រះសីហនុ៖ វត្តមានសណ្ឋាគារលើទឹកដីកោះរ៉ុង រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកស្ទួយវិស័យទេសចរណ៍


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា ខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ហើយបាននឹងកំពុងបំពេញតួនាទីជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់ ជាតំបន់ស្នូល នៃឆ្នេរសមុទ្រកម្ពុជា តួយ៉ាងការបើកសម្ពោធសណ្ឋាគារ Apsara Resort បានបង្ហាញឱ្យឃើញពីការចូលរួមចំណែក ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ផ្តល់ការងារជូនពលរដ្ឋកាត់បន្ថយការចំណាកស្រុក និងបង្កើនសេដ្ឋកិច្ចគ្រួសារ ជាពិសេសអ្នករស់នៅតំបន់កោះ។

ឯកឧត្តម ម៉ាង ស៊ីណេត លើកឡើងដូច្នេះក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពីធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនអ្នក។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងទៀតថា សមិទ្ធផលទាំងអស់នេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ការចូលរួមចំណែកពីវិស័យឯកជននេះទៀតសោត មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនជាលំដាប់ ជាពិសេសបានផ្តល់ការងារ ជូនប្រជាពលរដ្ឋជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសបន្តជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជាការរៀបចំ និងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា៕