នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារដោះស្រាយវិវាទគម្រោងដីឡូតិ៍ភូមិមរតកបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទគម្រោងដីឡូត៍ភូមិមរតក និងគម្រោងមរតកថ្មសរ ជាជំហានៗ ជូនបងប្អូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូុលរួមពីលោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង និងសុរិយោដីខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេធាវីរដ្ឋបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានភូមិបាលក្រុងស្វាយរៀង/ស្រុកស្វាយជ្រំ លោក លោកស្រី មេឃុំ ចៅសង្កាត់ តំណាងក្រុមហ៊ុនភូមិមរតក និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។
មានមតិទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានខិតខំរកគ្រប់មធ្យោបាយយកចិត្តទុកដាក់ក្នុងការដោះស្រាយករណីវិវាទគម្រោងដីឡូតិ៍ភូមិមរតក ក្រុងស្វាយរៀង និងដីឡូតិ៍មរតកថ្មស ជាជំហានៗជូនបងប្អូនប្រជាពលរដ្ឋ ដេីម្បីផ្តល់នូវភាពត្រឹមត្រូវ ពីក្រុមហ៊ុនជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមបែបបទនៃបញ្ហានីមួយៗ។
ឯកឧត្តមអភិបាលខេត្តបានផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋរួមទាំងអាជ្ញាធរដែនដីលេីកឡេីងនូវបញ្ហាផ្សេងៗដូចជា សំណេីរ សំណូម ដែលខ្លួនបានជួបប្រទះ ក្នុងករណីវិវាទដីឡូតិ៍ភូមិមរតកនេះផងដែរ ដេីម្បីរកធាតុចូលក្នុងការដោះស្រាយ។ ជាលទ្ធផលឯកឧត្តមអភិបាលខេត្ត បានផ្តល់កិត្តិយសផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលមានវិវាទជាមួយម្ចាស់គម្រោងពុះដីឡូតិ៏ភូមិមរតកក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ហើយបណ្ណកម្មសិទ្ធិចំនួន១៨៦បណ្ណ នឹងត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងជំហានទី១ និងក្រុមការងារដោះស្រាយបន្តផ្តល់បណ្ណកម្មសិទ្ធិក្នុងជំហានទី២បន្តបន្ទាប់ទៀត ។