កិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទគម្រោងដីឡូត៍ភូមិមរតក និងគម្រោងមរតកថ្មសរ​


នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥​នេះ ឯកឧត្តម​ ​ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និង​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងារដោះស្រាយវិវាទគម្រោងដីឡូតិ៍ភូមិមរតកបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យដោះស្រាយករណីវិវាទគម្រោងដីឡូត៍ភូមិមរតក និងគម្រោងមរតកថ្មសរ​ ជាជំហានៗ ជូនបងប្អូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូុលរួមពីលោកអភិបាលរងខេត្ត​ លោកប្រធាន​ អនុប្រធានមន្ទីររៀបចំដែនដី​ នគររូបនីយកម្មសំណង​ និងសុរិយោដីខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកមេធាវីរដ្ឋបាលខេត្ត​ លោកអភិបាល​ក្រុងស្វាយរៀង​ និងស្រុកស្វាយជ្រំ​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានភូមិបាលក្រុង​ស្វាយរៀង​/ស្រុក​ស្វាយជ្រំ​ លោក​ លោកស្រី​ មេឃុំ​ ចៅសង្កាត់​ តំណាងក្រុមហ៊ុនភូមិមរតក​ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។

មានមតិទៅកាន់កិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា​ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម​ និងសំណង់​ រួមទាំងរដ្ឋបាលខេត្ត​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានខិតខំរកគ្រប់មធ្យោបាយយកចិត្តទុកដាក់ក្នុងការដោះស្រាយករណីវិវាទគម្រោងដីឡូតិ៍ភូមិមរតក​ ក្រុងស្វាយរៀង​ និងដីឡូតិ៍​មរតកថ្មស​ ជាជំហានៗជូនបងប្អូនប្រជាពលរដ្ឋ​ ដេីម្បីផ្តល់នូវភាពត្រឹមត្រូវ​ ពីក្រុមហ៊ុនជូនប្រជាពល​រដ្ឋឲ្យអស់លទ្ធភាពទៅតាមបែបបទនៃបញ្ហានីមួយៗ។

ឯកឧត្តមអភិបាលខេត្តបានផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋរួមទាំងអាជ្ញាធរដែនដីលេីកឡេីងនូវបញ្ហាផ្សេងៗដូចជា​ សំណេីរ​ សំណូម​ ដែលខ្លួនបានជួបប្រទះ​ ក្នុងករណីវិវាទដីឡូតិ៍ភូមិមរតក​នេះផងដែរ ដេីម្បីរកធាតុចូលក្នុងការដោះស្រាយ​។ ជាលទ្ធផលឯកឧត្តមអភិបាលខេត្ត​ បានផ្តល់កិត្តិយសផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលមានវិវាទជាមួយម្ចាស់គម្រោងពុះដីឡូតិ៏ភូមិមរតកក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ហើយបណ្ណកម្មសិទ្ធិចំនួន១៨៦បណ្ណ​ នឹងត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងជំហានទី១ និងក្រុមការងារដោះស្រាយបន្តផ្តល់បណ្ណកម្មសិទ្ធិក្នុងជំហានទី២បន្តបន្ទាប់ទៀត ។