ឆ្លើយតបរឿងយោធាថៃបារម្ភថា កម្ពុជាបង្វែរកាណុងកាំភ្លើងទៅទឹកដីខ្លួន, រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថា ច្បាស់ណាស់គោលដៅ គឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ


លើយតបនឹងយោធាថៃដែលបារម្ភថា កម្ពុជាបង្វែរកាណុងកាំភ្លើងទៅទឹកដីខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ដែលពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី, ច្បាស់ណាស់គោលដៅ គឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។

ការចេញមកបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា គឺឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់យោធាថៃថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់តាមបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅ គឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា???«

ឯកឧត្តមបានបញ្ជាក់បន្ថែមថា «ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»