ខេត្តសៀមរាប៖ នៅរសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួង រួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ អញ្ជើញទៅពិនិត្យស្ថានផ្លូវរទេះមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវកូរ៉េវៀង (ចំនុនប្រណិត) តំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ឱ្យបានកាន់តែច្រើនកុះករ តាមរយៈការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិចូលទៅទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋាន និងប្រាសាទបុរាណនានា នៅក្នុងតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកជាច្រើនទៀត៕