(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ចំពោះមុខ មេបញ្ជាការទ័ពជើងគោកជប៉ុនថា កម្ពុជាចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ តាមផ្លូវសន្តិវិធី និងតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីយុត្តិធម៌រវាងប្រទេសទាំងពីរ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោអនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Morishita Yasunori អគ្គមេបញ្ជាការនៃកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចជួបជាមួយ អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន ឯកឧត្តមនាយឧត្តមសេនីយ៍ Yasunori Morishita បានបញ្ជាក់ថា «ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយដោយយកតុលាការអន្តរជាតិ ICJ ក្នុងការដោះស្រាយបញ្ហានេះ»។
សម្ដេចតេជោបានពន្យល់អំពី បញ្ហានៃជម្លោះព្រំដែនជាមួយថៃ ដែលបានកើតឡើង បន្ទាប់ពីកងទាហានថៃឆ្លងព្រំដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជា លោក សួន រ៉ោន កាលពីថ្ងៃទី២៨ ខែឧសភា។ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា «សម្ដេចតេជោ បានបញ្ជាក់ថា លោកនឹកស្មានថា មានរឿងបែបនេះនឹងកើតឡើងបែបនេះចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរទាល់តែសោះ អ្វីដែលលោកចង់បានគឺព្រំដែនដែលមានកិច្ចសហប្រតិបត្តិការល្អ មិត្តភាព និងការអភិវឌ្ឍរួមគ្នា លោកមិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្គ្រាមជាមួយគ្នាឡើយ គឺចង់ឃើញនូវសន្តិភាព ដែលបានកើតឡើងសម្រាប់ព្រំដែនរបស់យើងដែលមានកន្លងមក ហើយបន្តកើតមានឡើងបន្តទៀត»។
សម្ដេចតេជោ បានថ្លែងអំណរគុណដល់អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន ដែលបានចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់យុទ្ធជនខ្មែរ ហើយសម្តេចបានបញ្ជាក់ថា កម្ពុជាអំពាវនាវឲ្យភាគីជប៉ុនជួយជំរុញឲ្យការដោះស្រាយជម្លោះជាមួយថៃ អនុវត្តតាមច្បាប់អន្តរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ Yasunori Morishita ក្នុងប្រសាសន៍តបមកវិញ បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានជម្រាបអំពី ស្ថានភាពពិត នៃបញ្ហាព្រំដែន និងបានបញ្ជាក់ថា «ជប៉ុនចង់ឃើញការដោះស្រាយបញ្ហាដោយសន្តិវិធី»។
សូមជម្រាបថា មេបញ្ជាការកងទ័ពជើងគោកជប៉ុន ឯកឧត្តម នាយឧត្តមសេនីយ៍ Yasunori Morishita បានមកធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ មិថុនា ២០២៥។ នៅក្នុងដំណើរទស្សនកិច្ចនៅនេះ ឯកឧត្តម បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ទស្សនកិច្ចនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ និងជួបជាមួយ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៕