ក្រសួងអប់រំ និង Yeo’s ចុះ MOU លើកកម្ពស់សុវត្ថិភាពចំណីអាហារនៅសាលារៀន


ភ្នំពេញ, ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥  ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមូលនិធិជំនួយសប្បុរសធម៌ Ng Teng Fong តាមរយៈក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច ភីធីអី អិលធីឌី (Yeo’s) លើគម្រោង “យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា”។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ ព្រមទាំងលោកស្រី ហេង សុទ្ធាវី នាយិកា ក្រុមហ៊ុន Yeo’s Cambodia និងថ្នាក់ដឹកនាំក្រសួងអប់រំផ្សេងទៀត។

គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករទាបដល់សិស្សបឋមសិក្សា និងអនុវិទ្យាល័យ និងបណ្តុះទម្លាប់ក្នុងការទទួលទានភេសជ្ជៈបែបនេះ។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានកោតសរសើរចំពោះកិច្ចសហការនេះ ដោយបញ្ជាក់ថា ក្រុមហ៊ុន Yeo’s នឹងផ្តល់ភេសជ្ជៈ Yeo’s ដែលមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ដល់សិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២០០កន្លែងទូទាំងប្រទេស។ លោកជំទាវបានបន្ថែមថា ការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀនគឺសំខាន់ណាស់សម្រាប់សុខភាព និងសមត្ថភាពសិក្សារបស់សិស្ស។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Yeo’s និងមូលនិធិ Ng Teng Fong សម្រាប់ការគាំទ្រនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រីកទៅកាន់សាលារៀនកាន់តែច្រើននាពេលអនាគត ដើម្បីធានាបាននូវសុខភាពល្អ និងការអប់រំកាន់តែប្រសើរសម្រាប់សិស្សកម្ពុជា។