(ខេត្តកណ្តាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិព្រះសង្ឃធិបតី និងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារី នៅវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត អាជ្ញាធរក្រុងសំពៅពូជ និងប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម គួច ចំរើន បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគេនព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរ និងថ្លែងអំណរ ព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ប្រគេន និងជូនចំពោះ ព្រះគ្រូរតនបញ្ញាញាណ ញ៉ុង ឡេង ព្រះចៅអធិការវត្តខេមររាជការាម (វត្តប៉ាកណាម) ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានខិតខំលះបង់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងកៀរគរធនធានថវិកា ក្នុងការជួសជុល និងកសាងស្ថាបនាវត្តខេមររាជការាម (វត្តប៉ាកណាម) រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈខាងលើ ដែលជាការចូលរួមដ៏ឧត្តុង្គឧត្តម ក្នុងការអភិវឌ្ឍវិស័យពុទ្ធចក្រ ឱ្យកាន់តែមានការរីកចម្រើន។
ឯកឧត្តមអភិបាលខេត្ត ក៏បានបានប្រគេនសព្វសាធុការពរ ចំពោះព្រះចៅអធិការ ព្រះគ្រូសូធ្យស្តាំ និងព្រះគ្រូសូធ្យឆ្វេង ដែលទើបទទួលបានការតែងតាំងក្នុងតួនាទីដ៏ឧត្តុង្គឧត្តមនេះ សូមបានសមប្រកបទៅដោយសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តបុព្វហេតុដឹកនាំគ្រប់គ្រងថែរក្សា និងអភិវឌ្ឍវត្ត ខេមររាជការាម (វត្តប៉ាកណាម) ដែលជាទីអារាមប្រវត្តិសាស្ត្រ និងជាមជ្ឈមណ្ឌល សាសនាដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ នៅជាយដែនកម្ពុជា-វៀតណាម ឱកាន់តែ រីកចម្រើន និងស្ថិតស្ថេរគង់វង្ស ព្រមទាំងផ្សព្វផ្សាយលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ជាតិ ដែលជាអត្តសញ្ញាណ និងជាកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ។
សូមបញ្ជាក់ថា សមិទ្ធផលនានាក្នុងវត្តខេមររាជការាម ហៅវត្តប៉ាកណាម ដែលត្រូវបានដាក់សម្ពោធនាឱកាសនេះរួមមាន៖ កុដិព្រះសង្សាធិបតី ១ខ្នង ទំហំ ១៦ ម៉ែត្រ x ១៤ ម៉ែត្រ កំពស់១ ជាន់ ក្រាលថ្មការ៉ូឡាជុំវិញព្រះវិហារ ទំហំ២ ១១០ ម៉ែត្រការ៉េ ព្រះអង្គបដិមាទ្រង់ប្រសូត្រ ធ្វើពីថ្មភ្នំ កំពស់៦ ម៉ែត្រ ក្រាលថ្មក្រានីតជុំវិញព្រះអង្គបដិមាទ្រង់ប្រសូត្រ ទំហំ ៥០០ ម៉ែត្រការ៉េ និងផ្ទះវេយ្យាវច្ចៈធ្វើពីឈើ ទំហំ ៨ ម៉ែត្រ x ៤ ម៉ែត្រ សរុបចំណាយថវិកាទាំងអស់ប្រមាណ ២១៨៧០៥ ដុល្លារ។




















