រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំដើម្បីបញ្ចប់សេចក្តីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះអង្គភាព


ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងបញ្ចប់សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង, អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ដោយផ្តោតលើការពិនិត្យលម្អិតលើខ្លឹមសារនៃសេចក្តីព្រាងប្រកាស ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់អង្គភាពនានា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ក៏បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពទាំងអស់ឱ្យខិតខំចូលរួមពង្រឹងសមត្ថភាពស្ថាប័នដោយសកម្ម និងបុរេសកម្ម ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យអធិការកិច្ចឱ្យកាន់តែប្រសើរឡើង។