ខេត្តពោធិ៍សាត់ ៖ នាថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង បានដឹកនាំក្រុមការងារអនុវត្តគម្រោង PMU នៃក្រសួង ព្រមទាំងទីប្រឹក្សាបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាពការសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ការចុះពិនិត្យនេះគឺធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយផ្អែកលើទស្សនវិស័យ និងចក្ខុវិស័យយូរអង្វែងក្នុងការគ្រប់គ្រងវិស័យធនធានទឹកប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព ឧត្តមភាព និងឯករាជ្យភាពពេញលេញ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំជាប្រចាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ គោរពតាមបទដ្ឋាន និងនិយាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញការងារសាងសង់ឱ្យបានឆាប់រហ័ស៕