ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អ្នកតំណាងរាស្ត្រខេត្តកណ្តាល ជាសមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាតំណាង ឯកឧត្តម ចាន់ សុធី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានអញ្ជើញបើកអង្គមីទ្ទិញខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) មានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈកម្មាធិការគណបក្សស្រុក និងលោក លោកស្រីមន្ត្រីគណបក្សជាសមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងសមាជិក សមាជិកា សរុប ២៩៤រូប ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ។
ឯកឧត្តម សុះ មុះសិន បានជម្រាបថា ថ្ងៃនេះជាទិវាដ៏ឱឡារិក និងមានអត្ថន័យជ្រាលជ្រៅក្រៃលែងសម្រាប់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាបងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងក្រៅប្រទេស ដែលកំពុងចូលរួមអបអរសាទរ ខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១។
ឯកឧត្តម បានបន្ថែមថា កម្មវិធីនេះប្រារព្ធឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារី ដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរ នៅគ្រប់ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តម ធ្វើឲ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបានស្ថិតស្ថេរ និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយ ចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធិផលរបស់ជាតិឲ្យគង់វង្សជារៀងរហូត។
ឯកឧត្តម បានឲ្យដឹងថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា និន្នាការ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជំនះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសហភាពការណ៍ជាក់ស្តែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឲ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្ដិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។
ឯកឧត្តម បានបញ្ជាក់ថា ឆ្លងកាត់រយៈពេលជិត ២ឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាព ដែលឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពុងផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងបន្ថែមទៀត ឆ្លងតាមលទ្ធផលជាក់ស្តែងទាំងអស់នេះ បានបង្ហាញថារដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗដែលជាការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ។
ឯកឧត្តម សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ត្រូវគេប្រមាថមើលពីអតីតកាល។ ឥឡូវនេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើរមុខមាត់ ជាមួយបណ្ដាប្រទេស។ ក្នុងចំណុចនេះ ឯកឧត្ដម គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រដ្ឋាភិបាលក្នុងការយកបញ្ហា ប្រសាទតាមាន់ធំ ប្រសាទតាមាន់តូច ប្រសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្ដិវិធី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ឆ្នាំ២០០០៕