បាត់ដំបង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញ ចុះពិនិត្យស្ថានភាពច្រកទ្វារ និងសម្របសម្រួលពលករខ្មែរដែលវិញត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៥។
តាមរបាយការណ៍អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងមួយថ្ងៃៗមានពលករខ្មែរដែលធ្វើការនៅប្រទេសថៃជាច្រើនរយនាក់ បានសម្រុកវិលត្រឡប់ចូលប្រទេសវិញតាមច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។
របាយការណ៍បញ្ជាក់ថាក្នុងរយៈពេលបីថ្ងៃចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៧ ដល់២៩ខែមិថុនាឆ្នាំ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន៣៨១២នាក់ ក្នុងនោះស្រ្តី១៧០៨នាក់ និងកុមារចំនួន១២៤នាក់។ ក្នុងចំនួនជិត៤ពាន់នាក់នេះ មានពលករខ្មែរ ចំនួន២៦១៨នាក់ ក្នុងនោះស្រ្តី១១៨៤នាក់ ។ ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន៥ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ ។
ស្របពេលពលករសម្រុកត្រឡប់មកស្រុកកំណើតវិញនេះ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែបបបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរជាប្រចាំផងដែរ៕
