ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ិប


ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ិបបានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Haralambo Kafkaridfes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ិប ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជំនួបពិភាក្សានេះ បានធ្វើឡើង កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ពាំនាំបណ្តាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ហើយឯកឧត្ដមក៏បានលើកឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនលើគ្រប់វិស័យ និងកំពុងតែបន្តរឹតចំណងមិត្ដភាពបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ឯកឧត្ដមបានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស៊ិប បានចូលរួមសហការយ៉ាងសកម្ម ក្នុងគោលបំណងធ្វើឱ្យកាន់តែរឹងមាំចំណងមិត្តភាព បង្កើនការជជែកលើគោលនយោបាយ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិក្រោមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ាន។ ឯកឧត្ដមឯកអគ្គរាជទូតបានថ្លែងទៀតថា សាធារណរដ្ឋស៊ិប មានសក្តានុពលខ្ពស់ជាប្រទេសឧស្សាហកម្មទេសចរណ៍ និងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយព្រះរាជាណាចក្រកម្ពុជា ក៏មានសម្បត្តិធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់ថា ជារួម ប្រទេសទាំងពីរកម្ពុជា និងស៊ិប មានឱកាសដ៏អស្ចារ្យក្នុងការចាប់ដៃគូសហការផ្នែកទេសចរណ៍ និងពង្រឹងការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក ដោយផ្អែកលើការបង្កើតកាស ប្រកបដោយការគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្ដមបន្ដថា កម្ពុជាសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសនៅក្នុងវិស័យព័ត៌មានជាតិ ដោយជឿជាក់ថា ព័ត៌មានគឺជាស្ពានសម្រាប់ភ្ជាប់ប្រជាជនប្រទេសយើងទាំងពីរ ឱ្យបានយល់ដឹង និងមានភាពជិតស្និទ្ធក្នុងមិត្តភាព។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ក៏បញ្ជាក់ពីក្ដីប្រាថ្នារបស់រដ្ឋាភិបាលកម្ពុជាឱ្យបានច្បាស់ថា កម្ពុជាតែងតែប្តេជ្ញាចិត្តលើការធ្វើឱ្យចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររីកចម្រើនដល់កម្រិតថ្មី ហើយបន្តទំនាក់ទំនងក៏ដូចជាការគាំទ្រ និងកិច្ចសហការរវាងប្រទេសទាំងពីរ ក៏ដូចជាទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងអាចសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម Haralambos Kafkarides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ិបបានគាំទ្រទាំងស្រុងចំពោះការលើកឡើងពីសំណាក់ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ហើយភាគីទាំងពីរបានឯកភាពបង្កើតឱកាស ឱ្យមានការជួបគ្នារវាងសភាពាណិជកម្មកម្ពុជា និងស៊ិបបានជួបគ្នា និងសហប្រតិបត្តិការ រួមទាំងវិស័យទេសចរណ៌ផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍ជម្រាបជូនថា ភាគីកម្ពុជា ត្រូវការសន្តិភាព សហប្រតិបត្តការ គ្មានចង់ឱ្យមានទំនាស់ឡើយ ហើយកម្ពុជាកបានដាក់សំណុំរឿងបញ្ហាជម្លោះរវាងកម្ពុជា-ថៃ ទៅតុលាការយុត្ដិធម៌អន្ដរជាតិ ICJ រួចរាល់ដែរ ។ ឯកឧត្តមបានឱ្យដឹងទៀតថា កម្ពុជាពុំដែលចង់បានទឹកដីពីប្រទេសណាមកវិញឡើយ កម្ពុជាត្រូវការពារទឹករបស់ខ្លួនដែលមាន ស្របតាមផែនទីដែលសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានតម្កល់ទុកនៅអង្គការសហប្រជាជតិ ដែលជាផែនទីគូសដោយបារាំង ។

ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនភាគីមិត្តថា ការជ្រើសយកវិវាទទៅដោះស្រាយនៅតុលាការ គឺជាការដោះស្រាយដោយសន្តិវិធី ប្រកបដោយភាពស៊ីវិល័យនៅក្នុងសង្គមប្រកបដោយរដ្ឋធម្មនុញ្ញ និងច្បាប់ នាពេលមានវិវាទកើតឡើង មនុស្សមិនគួរធ្វើអំពើគ្មានច្បាប់ ដូចជាការសងសឹក ឬប្រើកម្លាំង ដើម្បីដោះស្រាយវិវាទនោះទេ។ ទន្ទឹមនេះ វិធីដ៏សមរម្យ និងអភិវឌ្ឍន៍បំផុតក្នុងការដោះស្រាយវិវាទ គឺការបញ្ចូនសំណុំរឿងទៅតុលាការ ដើម្បីឱ្យមានការដោះស្រាយដោយសន្តិវិធី ប្រកបដោយភាពស៊ីវិល័យ និងយុត្តិធម៌។

ឯកឧត្ដមឯកអគ្គរាជទូតបានបន្ថែមថា ដូច្នេះ អំពើនៃការជ្រើសយកបញ្ហាទៅតុលាការ គឺជាការបង្ហាញពីគុណធម៌នៃប្រជាធិបតេយ្យ និងការគោរពរបបនៃច្បាប់ ហើយការដោះស្រាយនៅតុលាការមិនត្រឹមតែជាការដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយរកវិធីសម្រេចចុងក្រោយដែលមានសុពលភាពផ្លូវច្បាប់ ដែលគ្រប់ភាគីត្រូវគោរព។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ិបបានអះអាងផងដែរថា ការដោះស្រាយវិវាទតាមរយៈតុលាការ គឺជាវិធីសាស្ត្រដែលសមស្រប និងស៊ីវិល័យបំផុតក្នុងសង្គមសម័យទំនើប ហើយវាជាគន្លងនៃសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស។ ដូច្នេះ យើងគួរលើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌នៃការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ជានិច្ច៕