(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបន្តចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៧៩នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីគោលបំណងនៃវគ្គចែករំលែក ដែលបានធ្វើមកចំនួន៧៤ដង រួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះមិនដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទេ ដោយសារវគ្គនេះមានលក្ខណៈពិសេសមួយ ដែលមន្រ្តីសុខាភិបាលមិនត្រឹមតែទទួលបានទ្រឹស្តីនៃការដឹកនាំទេ តែបានទទួលនូវឧទាហរណ៍ដែលមានភាពជាក់ស្តែងសម្រាប់វិស័យសុខាភិបាលទាំងមូលផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យ បានផ្តល់ជាស្មារតី និង គោលដៅរួម ដើម្បីជួយឱ្យមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ ព្រមទាំងមានកំលាំងចិត្តក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅនោះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យអ្នកចូលរួមវគ្គទាំងអស់ចាប់កាន់យកទម្លាប់យកគោលគំនិតដែលបានពីវគ្គបណ្តុះបណ្តាលរៀងរាល់ថ្ងៃអង្គារ៍នេះ ទៅប្រើប្រាស់ នៅក្នុងស្ថានភាពជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងនាំយក feedbacks មកឆ្លុះបញ្ចាំង។
ឆ្លៀតឱកាសនេះដែរ តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីការគោរព និងកោតសរសើរដល់មន្រ្តីសុខាភិបាលនៅតាមបណ្តោយព្រំដែនទាំងអស់ ដែលមានស្មារតីស្នេហាជាតិខ្ពស់ មានការតាំងចិត្តខ្ពស់ និងបានជំនៈរាល់ឧបសគ្គក្នុងការផ្តល់សេវាសុខភាពជូនប្រជាជនដែលត្រូវជម្លៀសមកតំបន់សុវត្ថិភាព។
ឯកឧត្តមសាស្ត្រចារ្យក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីខេត្តនិងស្រុកប្រតិបត្តិ បន្តចុះជាប់ និងស្វែងយល់ពីសុខទុក្ខរបស់មន្រ្តីរបស់ខ្លួនឱ្យបានជាប្រចាំ៕