រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku President of All India Bhikku Sangha ពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងសហការី នៅទីស្នាក់ការក្រសួង។
នាឱកាសជំនួបនេះ ព្រះតេជគុណបណ្ឌិត បានមានថេរដីកាជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរដឹកនាំពុទ្ធសាសនិកឥណ្ឌាចំនួន២៧រូបមកសិក្សាស្វែងយល់ពីវប្បធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដោយប្រជាជនកម្ពុជា ជាពិសេសគឺទស្សនាទីសក្ការៈបូជាសាសនាដែលល្បីល្បាញនៅខេត្តសៀមរាប។ តាមរយៈការនិមន្តគង់នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ព្រះតេជគុណបណ្ឌិត សូមកោតសរសើរលើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលដែលនាំនូវការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រជាពិសេសការអភិរក្សបានយ៉ាងល្អនូវវត្តអារាម និងទីសក្ការៈបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរក្នុងការធ្វើដំណើរនៅក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទូលជ្រាបព្រះតេជគុណបណ្ឌិតពីការយកចិត្តទុកដាក់របស់កម្ពុជាលើព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ដោយសារប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ តាមរយៈទេសចរណ៍ជំនឿ និងសាសនា ដែលផ្តល់ជូនដល់ពុទ្ធសាសនិកពីគ្រប់ទ្វីបនៃពិភពលោកបានមកសិក្សាស្វែងយល់ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការៈបូជាសាសនា និងប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទ។
ឯកឧត្តមរដ្ឋមន្រ្តី បានពិតទូលបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ រួមទាំងការផ្តល់នូវសេរីភាពជំនឿសាសនាពេញលេញដែលជាកត្តាផ្តល់នូវសុខដុមរមនានៃសាសនាក្នុងប្រទេស ដែលជាកត្តាធានាការធ្វើទេសចរណ៍របស់ពុទ្ធសាសនិក ឬ សាសនិកដទៃទៀតមកកម្ពុជា។
តាមរយៈជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ភាគីទាំងពីរបាន ឯកភាពលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍បែបជំនឿសាសនារវាងប្រទេសកម្ពុជា-ឥណ្ឌា និងការជំរុញផ្សព្វផ្សាយទេសចរណ៍ប្រភេទនេះ រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពូីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែទូលំទូលាយរហូតដល់ពុទ្ធសាសនិកនៅបណ្តាប្រទេសដទៃទៀត៕










