នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃ ផ្ទុះការខឹងគ្រោធមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញ។
លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គគង់នៅទឹកដីថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោកតា ស៊ុច និងជនជាតិថៃ ដែលខ្មែរហៅថា «ជាខ្មែរលើ» រស់នៅជាប់ខេត្តរបស់ខ្មែរនាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្ន អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។
ក្នុងពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមានសង្ឃដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។
ការមានសង្ឃដីកាពីប្រវត្តិពិតទាំងនេះ បានធ្វើឱ្យពលរដ្ឋថៃរស់នៅតាមខេត្តអតីតដែនដីរបស់កម្ពុជានោះ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសទទួលសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យលោកតាគង់នៅក្នុងប្រទេសកម្ពុជា។ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា ត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។
លោកតាបានបង្ហាញទឹកព្រះទ័យរីករាយ ទទួលបានការសណ្តោសពីសម្តេចមហាបវរធិបតី និងសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកតាគង់នៅកម្ពុជា ដូចជាពលរដ្ឋខ្មែរដទៃ៕