នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន នៅបរិវេណវិទ្យាល័យរស្មីសោភ័ណ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ជនបទដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានធ្វើការសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៩០នាក់ ដែលមានចម្រុះជាតិសាសន៍ មកពីប្រទេសចិន អង់គ្លេស អាម៉េរិក នូវែលសេឡង់ កូរ៉េ កាណាដា ហ្វីលីពីន និងប្រទេសកម្ពុជា ដើម្បីមកពិនិត្យ និងព្យាបាលជំងឺ មានជាអាទិ៍ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ការព្យាបាលដោយចលនា និងការផ្តល់ថ្នាំវីតាមីន ជូនដល់ប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ សូមបន្តថែរក្សាសុខភាពឱ្យបានល្អថែមទៀត ដោយរក្សាឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ក្នុងរដូវវស្សា ជាពិសេសជំងឺគ្រុនឈាម ដោយបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា៕