នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខនិងនាំយកស្បៀងជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ មកទីទួលសុវត្ថិភាពនៃស្រុកថ្មពួក។
ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូនគឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានពាំនាំការផ្ដើមផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អះអាងរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន៕