រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាសមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល ឧត្តមសេនីយ៍ទោ បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ឯកឧត្តមឧត្តមសេនីយ៍ឯកបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសមានទុក្ខជាពន្លឹកជាមួយក្រុមគ្រួសារនៃសព និងបានសម្ដែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មអាយុជីវិតក្នុងបុព្វហេតុការពារប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕