ប្រតិភូខេត្តកណ្ដាលដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី២៧ ខែកក្តកដាឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖១០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធ លើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា នៅទីតាំងតម្កល់សពធ្វើបុណ្យ ទក្ខិណានុប្បទាននៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងប្រតិភូខេត្តកណ្ដាល បានចូលសួមរំលែកទុក្ខ ជូនគ្រួសារនៃសព ដោយសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត។
មរណភាពរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។
ក្កុងឱកាសនេះ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន ក៏ដូចប្រតិភូខេត្តកណ្ដាលទាំងអស់ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានដល់ឋានបរមសុខ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕