ថ្នាក់ដឹកនាំខេត្តព្រៃវែងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកង ពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ ដែលប្រព្រឹត្តទៅនៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម សួន សុម៉ាលីន បានចាត់ទុកមរណភាពរបស់លោកឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះ ក្រុមគ្រួសារប៉ុណ្ណោះទេ ពិសេសគឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុបម្រើជាតិ និងបានការពារបូរណភាពទឹកដីកម្ពុជារៀងរហូតមក។

ឯកឧត្តមបានបន្តថា ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ លោក ឧត្តមសេនីយ៍ឯក ដួង សំនៀង ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕